គ្រឿងផ្សំ
- សាច់ជ្រូក (សាច់ចំឡក) ៣៥០ ក្រាម
- ផ្កាស្ពៃប៊្រូខូលី (ផ្កាស្ពៃម្យ៉ាងពណ៌បៃតងចាស់)
- ខ្ទឹមស ១៥ ក្រាម
- ដើមខ្ទឹម ២ ដើម
- ខ្ទឹមបារាំង ១៣០ ក្រាម
- ប៉េងប៉ោះ ១៣០ ក្រាម
- ម្នាស់ ១៣០ ក្រាម
- ខ្លាញ់ ៣ ស្លាព្រាបាយ
គ្រឿងផ្សំសម្រាប់ប្រឡាក់សាច់
- ពងមាន់ ឬពងទា (យកតែពងស)
- ម្រេចម៉ដ្ឋ ១/២ ស្លាព្រាកាហ្វេ
- ស្ករ ១/២ ស្លាព្រាកាហ្វេ
- ស្រា ១ ស្លាព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាព្រាបាយ
- ប្រេងឆា ២ ស្លាព្រាបាយ
- ម្សៅឆា ៣ ស្លាព្រាបាយ
គ្រឿងផ្សំរសជាតិ
- ទឹកម្ទេសខាប់ ១ ស្លាព្រាកាហ្វេ
- ទឹកប៉េងប៉ោះខាប់ ៣ ស្លាព្រាបាយ
- ស្ករ ៣ ស្លាព្រាបាយ
- ប្រេងល្ង ១ ស្លាព្រាបាយ
- ម្សៅស៊ុបខ្នរ ១ ស្លាព្រាកាហ្វេ
វិធីធ្វើ
- លាងសាច់ជ្រូកឲ្យស្អាត និងហាន់ជាបន្ទះតូចល្មម រួចហើយដាក់ចូលក្នុងគ្រឿងប្រឡាក់សាច់ ច្របល់ឲ្យសព្វ និងផ្អាប់ទុក ៣០ នាទី បន្ទាប់មកចាក់ចូលក្នុងខ្ទះដោយបំពងលុះត្រាតែសាច់ឆ្អិនប្រហែលជា ៨០ ភាគរយ ទើបស្រង់ចេញទុកប្រើការ។
- បកសម្បកខ្ទឹមបារាំង និងខ្ទឹមសចេញ យកគ្រាប់ប៉េងប៉ោះចេញ ដើមខ្ទឹម ម្នាស់។ លាងបន្លែទាំង ៥ មុខនេះឲ្យស្អាត រួចហើយហាន់ជាគ្រាប់តូចល្អិតទុកប្រើការ។
- ចិតសម្បករឹងផ្កាស្ពៃប្រ៊ូខូលីចេញ និងពុះជាទងតូចៗ រួចហើយយកទៅស្រុសក្នុងទឹកដាំពុះ ទើបស្រង់ចេញទុកប្រើការ។
- ដាក់ខ្លាញ់ចូលក្នុងឆ្នាំងខ្ទះ រង់ចាំខ្ទះក្តៅហុយផ្សែង ទើបចាក់ខ្ទឹមស ខ្ទឹមបារាំង ដើមខ្ទឹមចូលបំពងយកក្លិនឈ្ងុយ។ បន្ទាប់មកចាក់ប៉េងប៉ោះ ម្នាស់ និងសាច់ជ្រូកចូលឆា ហើយជាចុងក្រោយចាក់គ្រឿងផ្សំរសជាតិចូល (ក្នុងនោះរួមមានម្សៅស៊ុបខ្នរ) និងរម្ងាស់បន្តិចទើបដួសដាក់ចានយកមកទទួលទាន៕
------------------------------
ប្រភព ៖ ទស្សនាវដ្តី ប្រជាប្រិយ, ឆ្នាំទី ១៥ លេខ ៤៦៨, ១១-២០ កញ្ញា ២០០៩, ទំព័រ ៨៦។



