គ្រឿងផ្សំ
- សាច់បង្គា (បង្គាស្រស់ធ្វើហើយ) ១៦០ ក្រាម
- ខ្ទឹមបារាំងធុនតូច ១ មើម
- ដើមខ្ទឹម ១ មើម
- ខ្ទឹម ២ កំពឹស
- ពងមាន់ ៤ គ្រាប់
- ខ្លាញ់ ៤ ស្លាបព្រាបាយ
គ្រឿងផ្សំសម្រាប់ប្រឡាក់សាច់
- អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
- ម្រេចម៉ដ្ឋ និងប្រេងល្ងបន្តិចបន្តួច
- ម្សៅឆា ១/២ ស្លាបព្រាកាហ្វេ
- ពងមាន (យកពងស) ១ ស្លាបព្រាកាហ្វេ
គ្រឿងផ្សំរសជាតិ
- អំបិល ១/២ ស្លាបព្រាកាហ្វេ
- ម្រេចម៉ដ្ឋ បន្តិចបន្តួច
- ប្រេង ២ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ
គ្រឿងទឹកខាប់
- ទឹកប៉េងប៉ោះខាប់ ១ ស្លាបព្រាបាយ
- ទឹកម្ទេសខាប់ ១ ស្លាបព្រាបាយ
- ទឹក ១/២ កែវ
- ស្ករ ១/២ ស្លាបព្រាកាហ្វេ
- ម្សៅឆា ១/២ ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ
- ចាក់សាច់បង្គាច្របល់ក្នុងគ្រឿងសម្រាប់ប្រឡាក់សាច់ រួចផ្អាប់ទុក ២០ នាទី ហាន់ខ្ទឹមបារាំងជាចម្រៀកៗ កាត់ដើមខ្ទឹមជាកង់ៗ និងចិញ្ច្រាំខ្ទឹមសឲ្យម៉ដ្ឋ ចំណែកពងមាន់គោះដាក់ក្នុងចានគ្រឿងផ្សំរសជាតិ (ក្នុងនោះរួមមានម្សៅស៊ុបខ្នរ) ហើយកូរឲ្យសព្វទុកប្រើការ។
- ដាក់ខ្លាញ់ ២ ស្លាបព្រាបាយចូលក្នុងខ្ទះ រង់ចាំខ្ទះក្តៅទើបចាក់ពងមាន់លាយគ្រឿងផ្សំរសជាតិចូលចៀន និងប្រែពីម្ខាងទៅម្ខាងទាល់តែក្រៀមទាំងសងខាង ទើបចូកដាក់ចាន។
- ដាក់ខ្លាញ់ ២ ស្លាបព្រាបាយចូលក្នុងខ្ទះម្តងទៀត។ រង់ចាំខ្ទះក្តៅទើបចាក់ខ្ទឹមស ដើមខ្ទឹម និងខ្ទឹមបារាំង បំពងយកក្លិនឈ្ងុយ រួចចាក់សាច់បង្គាចូលឆាត្រឡប់ចុះឡើងមួយសន្ទុះ ហើយជាចុងក្រោយចាក់គ្រឿងទឹកខាប់ចូល ដោយស្ងោររម្ងាស់ទាល់តែពុះ ទើបដួសដាក់ពីលើចានពងមាន់ចៀនលើកមកទទួលទាន៕
------------------------------
ប្រភព ៖ ទស្សនាវដ្តី ប្រជាប្រិយ, ឆ្នាំទី ១៥ លេខ ៤៦៨, ១១-២០ កញ្ញា ២០០៩, ទំព័រ ៨៦។



