Monday, December 13, 2010

ស្ងោរម្រះសាច់ជ្រូកចិញ្ច្រាំ

ស្ងោរម្រះសាច់ជ្រូកចិញ្ច្រាំ
គ្រឿងផ្សំ
  • ម្រះ
  • សាច់ជ្រូក (សាច់លាយខ្លាញ់)
  • មីសួរ
  • ខ្ទឹមស
  • អំបិល
  • ស្ករ
  • ប៊ីចេង
  • ម្រេច
  • ស្លឹកខ្ទឹម
វិធីធ្វើ
  1. ម្រះ កាត់​កង់​ៗ ឆ្កឹះ​យក​គ្រាប់​ចេញ រួច​លាង​ទឹក​ឲ្យ​ស្អាត (ប្រសិន​បើ​ខ្លាច​ល្វីង​ពេក ស្រុះ​ទឹក​ក្តៅ​សិន​ក៏​បាន)។
  2. យក​មី​សួរ​ទៅ​ត្រាំ​ទឹក​ឲ្យ​រីក កាត់​ឲ្យ​ខ្លី​ៗ សាច់​ជ្រូក​ចិញ្ច្រាំ​ឲ្យ​ល្អិត រួច​យក​គ្រឿង​ផ្សំ អំបិល ស្ករ ប៊ីចេង ម្រេច មក​លាយ​ជាមួយ​សាច់​ជ្រូក​ចិញ្ច្រាំ​នេះ បន្ទាប់​មក​យក​មីសួរ​ដែល​កាត់​រួច​នោះ មក​ច្របល់​ជាមួយ​សាច់​ជ្រូក រួច​យក​ម្រះ​មក​ញាត់​សាច់​ជ្រូក​ដែល​បាន​លាយ​រួច​នេះ ញាត់​រួច​ហើយ ទុក​មួយ​អន្លើ​សិន ស្លឹក​ខ្ទឹម​លាង​ទឹក​ឲ្យ​ស្អាត​ហាន់​ឲ្យ​ល្អិត។
  3. យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ បង់​អំបិល ប៊ីចេង ស្ករ​បន្តិច ចូល​ទៅ​ក្នុង​ទឹក​សម្ល បន្ទាប់​មក​ទើប​បង់​ម្រះ​ចូល រំងាស់​ឲ្យ​ផុយ​ម្រះ​បន្តិច ទើប​ភ្លក់​មើល​ឲ្យ​ល្មម​ឆ្ងាញ់ រួច​ដួស​ដាក់​ចាន​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
------------------------------
ប្រភព ៖ ពេញ សុថាវី, http://mvfood.wordpress.com

Tuesday, November 16, 2010

ញាំត្រយ៉ូងចេក

គ្រឿងផ្សំ
  • ត្រយ៉ូង​ចេក
  • ត្រសក់
  • សាច់​ជ្រូក
  • កំពឹស
  • សណ្តែក​ដី​លីង
  • ជី​គ្រប់​មុខ
  • ខ្ទឹម​ស
  • ម្ទេស
  • អំពិល​ទុំ
  • ប្រហុក​សាច់
  • អំបិល
  • ស្ករ
  • ប៊ីចេង
វិធីធ្វើ
  1. ត្រយ៉ូង​ចេក​ហាន់​ឲ្យ​ល្អិត​ត្រាំ​ទឹក​អំបិល ឬ ទឹក​ក្រូច​ឆ្មារ ត្រសក់​ហាន់​ជា​សរសៃ​ៗ។ សាច់​ជ្រូក​ស្ងោរ​ឲ្យ​ឆ្អិន​ហាន់​ជា​សរសៃ​ល្អិត​ៗ។ កំពឹស​ស្រុះ​ឲ្យ​ឆ្អិន ជី​បេះ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ដាក់​ឲ្យ​ស្រស់​ទឹក។
  2. ខ្ទឹមស​បុក​ឲ្យ​ម៉ដ្ឋ ដាំ​ទឹក​ឲ្យ​ពុះ​ទើប​ដាក់​ប្រហុក​ចូល​លាយ​ជាមួយ​ខ្ទឹមស​បុក ស្ករ ប៊ីចេង និង អំពិល​ទុំ រំងាស់​ឲ្យ​អំពិល​ចេញ​ជាតិ​ជូរ ភ្លក់​មើល ប្រសិន​បើ​សាប​ដាក់​អំបិល​ថែម​បន្តិច​ដើម្បី​ឲ្យ​ល្មម​ឆ្ងាញ់។
  3. យក​បន្លែ​ត្រយ៉ូង​ចេក​ ត្រសក់ សាច់​ជ្រូក និង​កំពឹស​លាយ​ចូល​គ្នា​ឲ្យ​សព្វ​ជាមួយ​ទឹក​ប្រហុក​ដែល​បាន​ដាំ​រួច ទើប​រោយ​ជី និង​ហាន់​ម្ទេស​ដាក់​ពី​លើ រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច៕
------------------------------
ប្រភព ៖ ពេញ សុថាវី, http://mvfood.wordpress.com

Monday, October 4, 2010

សម្លកកូរ

គ្រឿងផ្សំ
  • ឆ្អឹង​ជំនី​ជ្រូក ឬ​សាច់​មាន់
  • ល្ហុង
  • ល្ពៅ
  • ចេក​ខ្ចី
  • ត្រប់​ពុត​ញង
  • ត្រប់​វែង
  • ស្លឹក​ម្រុំ
  • ស្លឹក​បាស ឬ​ស្លឹក​អង្គាដី
  • គល់​ស្លឹក​គ្រី
  • រំដេង
  • រមៀត
  • សំបក ឬ​ស្លឹក​ក្រូច​សើច
  • ខ្ទឹម​ស
  • អំបិល
  • ប្រហុក
  • ទឹក​ត្រី
  • ស្ករ
  • ប៊ីចេង
  • អង្ករ​លីង​ (បុក​ឲ្យ​ម៉ដ្ឋ)
វិធីធ្វើ
  1. ឆ្អឹង​ជំនី​ជ្រូក ឬ​សាច់​មាន់​កាប់​ជា​ដុំ​តូចៗ​ល្មម​ទុក​ប្រើ​ការ។ គល់​ស្លឹក​គ្រៃ រំដេង រមៀត សំបក​ក្រូច​សើច ខ្ទឹម​ស បុក​ចូល​គ្នា​ឲ្យ​ម៉ដ្ឋ។ ប្រហុក​យក​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ។
  2. យក​ឆ្នាំង​ដាក់​លើ​ចង្រ្កាន រួច​ដាក់​ខ្លាញ់ ឬ​ប្រេង​ឆា​ទុក​ឲ្យ​ក្តៅ ទើប​ដាក់​ប្រហុក និង​គ្រឿង​ចូល រួច​កូរ​រហូត​មាន​ក្លិន​ឈ្ងុយ បង់​សាច់​ចូល​រួច​កូរ​ជាមួយ​គ្រឿង​ឲ្យ​សព្វ ចាក់​ទឹក​បន្តិច​រំងាស់​ឲ្យ​ជិត​ផុយ ទើប​ដាក់​បន្លែ​គ្រប់​មុខ​ចូល​កូរ​ឲ្យ​សព្វ ថែម​ទឹក រួច​ដាក់​អង្ករ​លីង​ចូល រំងាស់​ឲ្យ​ផុយ​បន្លែ ទើប​ចាក់​ទឹក​ត្រី អំបិល ស្ករ ម៉្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម រួច​បង់​ស្លឹក​ម្រុំ អង្គាដី ឬ​ស្លឹក​បាស​ចូល ទុក​ប្រហែល ១ ឬ ២ នាទី​ជា​ការ​ស្រេច៕
------------------------------
ប្រភព ៖ ពេញ សុថាវី, http://mvfood.wordpress.com

    Sunday, October 3, 2010

    សម្លចាប់ឆាយ

    គ្រឿងផ្សំ
    • ឆ្អឹង​ជំនី ឬ ជើង​ជ្រូក
    • ស្បែក​ជ្រូក​បំពង
    • ផ្សិត​ត្រចៀក​កណ្តុរ
    • ឆៃ​ថាវ
    • ការ៉ុត
    • ស្ពៃ​ក្តោប
    • ស្ពៃ​បូគោ
    • ដំឡូង​បារាំង
    • ខាត់​ណា
    • ស្លឹក​ខ្ទឹម
    • ជី​វ៉ាន់ស៊ុយ
    • អំបិល
    • ស្ករ
    • ប៊ីចេង
    • ទឹក​ត្រី
    វិធីធ្វើ
    1. ឆ្អឹង​ជំនី ឬ ជើង​ជ្រូក លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា​ដុំ​ធំ​បន្តិច ស្បែក​ជ្រូក​បំពង និង​ផ្សិត ត្រចៀក​កណ្តុរ ដាក់​ត្រាំ​ទឹក​ឱ្យ​រីក រួច​កាត់​ឱ្យ​ខ្លី​ៗ ការ៉ុត ឆៃ​ថាវ ដំឡូង​បារាំង ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ជា​ដុំ​ៗ ស្ពៃ​ក្តោប និង ស្ពៃ​បូគោ កាត់​វា​ឱ្យ​ខ្លី​ៗ​ល្មម ខាត់ណា​សក​វា​ឱ្យ​ស្អាត កាត់​គល់​ដាក់​ផ្សេង ស្លឹក​ដាក់​ផ្សេង។ ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត​ល្មម ខ្ទឹម​ស​ចិញ្រ្ចាំ​ឱ្យ​ល្អិត។
    2. ដាក់​ឆ្នាំង​ដាំ​ឱ្យ​ក្តៅ ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល រួច​លីង​ឱ្យ​ឈ្ងុយ​បន្តិច ទើប​ចាក់​ទឹក​ត្រី​ចូល រួច​ដាក់​ឆ្អឹង​ជ្រូក​ចូល ដាក់​អំបិល ស្ករ ប៊ីចេង កូរ​ឱ្យ​សព្វ ចាក់​ទឹក​បន្តិច ប្រហែល ៥ នាទី ទើប​ដាក់​ស្បែក​ជ្រូក និង​ផ្សិត​ត្រចៀក​កណ្តុរ និង បន្លែ​ដើម​ខាត់ណា ការ៉ុត ឆៃថាវ និង ដំឡូង​បារាំង​ចូល​ជា​មួយ​គ្នា​តែ​ម្តង រំងាស់​ឱ្យ​ឆ្អឹង និង បន្លែ​នោះ​ផុយ​បន្តិច (រំងាស់​ដំបូង​ចាក់​ទឹក​បន្តិច​ម្តង​ៗ) ប្រហែល ២០ នាទី ទើប​ចាក់​ទឹក​ឱ្យ​ច្រើន​តែ​ម្តង។ ហើយ​រំងាស់​វា​ឱ្យ​ពុះ​ម្តង​ទៀត ភ្លក់​មើល​ឱ្យ​ល្មម ទើប​ដាក់​ស្ពៃ​បូគោ ស្ពៃ​ក្តោប និង​ស្លឹក​ខាត់​ណា​ចូល​មួយ​ពុះ រួច​ដួស​ដាក់​ចាន រោយ​ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​ពី​លើ​ជា​ការ​ស្រេច៕
    ------------------------------
    ប្រភព ៖ ពេញ សុថាវី, http://mvfood.wordpress.com

      Monday, September 27, 2010

      ចេកខ្ទិះ

      គ្រឿងផ្សំ
      • ចេកណាំវ៉ាទុំ
      • ដូងទុំ
      • គ្រាប់សាគូ
      • ស្ករស
      • អំបិល
      វិធីធ្វើ
      1. ចេក​បក​សំបក​ចេញ មួយ​ចិត​ជា​បួន សាគូ​លាង​ទឹក​ឱ្យ​ស្អាត ដូង​ទុំ​កោស​ច្របាច់​យក​ខ្ទិះ​ដើម​មួយ​កូន​ចាន​ចង្កឹះ​ទុក​ផ្សេង ឯ​ខ្ទិះ​ចុង​ដាក់​ផ្សេង។
      2. យក​ឆ្នាំង​ដាក់​ខ្ទិះ​ចុង ចេក គ្រាប់​សាគូ ស្ករ​ស​ដាក់​ចូល​គ្នា​តែ​ម្តង ទើប​ដាំ​លើ​ភ្លើង​ឱ្យ​ឆ្អិន បង់​អំបិល​មួយ​ចឹប ភ្លក់​មើល​ឱ្យ​ផ្អែម​ល្មម​ទើប​ដាក់​ខ្ទិះ​ដើម​ចូល រួច​កូរ​លើ​ភ្លើង​មួយ​ភ្លែត​ទើប​លើក​ចុះ​ជា​ការ​ស្រេច៕
      ------------------------------
      ប្រភព ៖ ពេញ សុថាវី, http://mvfood.wordpress.com