Friday, July 9, 2010

ឆាសាច់កង្កែបនឹងឃិនឆាយលាយគ្រឿង

គ្រឿងផ្សំ
  • កង្កែប ៤០០ ក្រ
  • ម្ទេសប្លោកក្រហម ៥០ ក្រ
  • ស្ករត្នោត ១/២ ស្លាបព្រាកាហ្វេ
  • អំបិល ១/២ ស្លាបព្រាកាហ្វេ
  • ឃិនឆាយ (ឃិនឆាយបារាំងយកតែធាង) ១៥០ ក្រ
  • ខ្ទឹមបារាំង ៧០ ក្រ
  • ខ្ទឹមក្រហម ២ កំពឹស
  • គល់ស្លឹកគ្រៃ ៣ គល់
  • ម្សៅមី ៤ ស្លាបព្រាបាយ
  • ប្រេងល្ង ១ ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១ ស្លាបព្រាកាហ្វេ
  • ទឹកត្រី
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • ទឹកធម្មតា ១ កែវ
  • ម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ
  1. ពុះ​ម្ទេស​ប្លោក​ក្រហម​ជា​ចម្រៀក​ៗ ដោយ​យក​គ្រាប់​ចេញ និង​លាង​ទឹក​ឲ្យ​ស្អាត រួច​ហើយ​ដាក់​លីង​នៅ​ក្នុង​ឆ្នាំង ២-៣ នាទី ទើប​ចូក​ចេញ​យក​មក​ហាន់​ឲ្យ​ម៉ដ្ឋ រួច​ដាក់​លាយ​ជា​មួយ​នឹង​អំបិល និង​ស្ករ​ត្នោត ហើយ​យក​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​ទុក​ប្រើ​ការ។
  2. យក​កង្កែប​ដាក់​លាង​ទឹក​ឲ្យ​ស្អាត និង​កាប់​ជា​ដុំ​ៗ រួច​ហើយ​យក​ទៅ​ប្រឡាក់​ជា​មួយ​នឹង​ម្សៅ​មី និង​ដាក់​បំពង​លុះ​ត្រា​តែ​ឆ្អិន​ល្អ ទើប​ស្រង់​ចេញ​ទុក​ប្រើ​ការ។
  3. ចិត​សម្បក​រឹង​ឃិន​ឆាយ​ចេញ និង​ហាន់​ជា​កង់​ៗ បក​សម្បក​ខ្ទឹម​បារាំង​ចេញ និង​ហាន់​ជា​ចម្រៀក​ៗ។ រី​ឯ​ខ្ទឹម​ក្រហម និង​គល់​ស្លឹក​គ្រៃ​ហាន់​ឲ្យ​ម៉ដ្ឋ។
  4. ដាក់​ខ្លាញ់ ២ ស្លាប​ព្រា​បាយ​ចូល​ទៅ​ក្នុង​ខ្ទះ រង់​ចាំ​ខ្ទះ​ក្តៅ​ហុយ​ផ្សែង​ទើប​ចាក់​ឃិន​ឆាយ ខ្ទឹម​បារាំង ខ្ទឹម​ក្រហម និង​គល់​ស្លឹក​គ្រៃ​ចូល ឆា​យក​ក្លិន​ឈ្ងុយ ហើយ​ដាក់​គ្រឿង​កិន និង​សាច់​កង្កែប​ចូល​ឆា​ត្រឡប់​ចុះ​ឡើង។ ជា​ចុង​ក្រោយ​ចាក់​គ្រឿង​ផ្សំ​រស​ជាតិ​ចូល (ក្នុង​នោះ​រួម​មាន​ ម្សៅ​ស៊ុប​ខ្នរ) ហើយ​មុន​នឹង​ដួស​ដាក់​ចាន​យក​មក​ទទួល​ទាន ត្រូវ​ស្រោច​ប្រេង​ល្ង​ពី​លើ​ទុក​ជា​ការ​ស្រេច៕
------------------------------
ប្រភព ៖ ទស្សនាវដ្តី ប្រជាប្រិយ, ឆ្នាំទី ៥ លេខ ៤៦៩ ថ្ងៃទី ២១-៣0 ខែកញ្ញា ឆ្នាំ ២០០៩, ទំព័រ ៨៤។